សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សម្តេចមានសង្ឃឹមថា នៅពេលខាងមុខមិនយូរមិនឆាប់យើងនឹងអាចវិលមកអបអរសាទររោងចក្រទី៣០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះម្តងទៀត ដោយសម្តេចបានចាត់ទុកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះថាជាកូនរបស់សម្តេចតេជោអតីតនាយករដ្ឋមន្ត្រីកម្ពុជា ព្រោះទីនេះត្រូវបានបង្កើតឡើងក្នុងសម័យសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រី។ ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យ៉ាងដូច្នេះ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងកិច្ចសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង៣ម៉ឺននាក់ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា ជាប្រវត្តិសាស្ត្រតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុគឺមានលក្ខណៈ ពិសេសជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះត្រូវបានទទួលស្គាល់ គាំទ្រ និងមានការចុះកិច្ចព្រម ព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ចាប់ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមរវាងរដ្ឋាភិបាល កម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងក្នុងឆ្នាំ២០០៨ ជាពិសេសការអនុវត្តរួមគ្នាគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅក្នុងដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ឯកឧត្តមប្រធានាធិបតីចិនមកកាន់កម្ពុជា ហើយក្នុងអំឡុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្របតិបត្តិការអន្តរជាតិខ្សែក្រវាត់ និង ផ្លូវលើកទី២ នៅឆ្នាំ២០១៩ នាទីក្រុងប៉េកាំង សម្តេចតេជោក៏បានបញ្ជាក់ពីភាពជោគជ័យនៃតំបន់សេដ្ឋ កិច្ចនេះ ដែលជាសក្ខីភាពនៃការសហការក្នុងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវរវាងប្រទេសទាំងពីរ។សម្តេចបានបន្ថែមថា សម្រាប់ខេត្តព្រះសីហនុចំនួនសហគ្រាសបានកើនឡើង ៦៩សហគ្រាស ជាមួយកម្មករនិយោជិត១ម៉ឺននាក់ជាងកាលពីឆ្នាំ២០០៨ រហូតដល់ ៣៨៣៣សហគ្រាស ជាមួយនឹងកម្មករនិយោជិតប្រមាណជាង ១១៥.៨០០នាក់ គិតត្រឹមខែមេសា ឆ្នាំ២០២៥ ដោយទទួលបានប្រាក់ ឈ្នួលប្រមាណ ៣៥៩លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ ដោយឡែកតំបន់សេដ្ឋកិច្ចពិសេសទាំង៥នៅខេត្ត ព្រះសីហនុមានរោងចក្រ សហគ្រាសចំនួន ៣២៧ មានកម្មករនិយោជិតចំនួន ៤៦.៧៥០នាក់ និងទទួលបានប្រាក់ឈ្នួលជាមធ្យមប្រមាណ ១៥០លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ ហើយបើយើងគិតនៅទូទាំងប្រទេសដែលចាប់ផ្តើមពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដល់ខែមេសា ឆ្នាំ២០២៥នេះចំនួនរោងចក្រ សហគ្រាសបានកើនដល់ ៤៥.៣៨៦រោងចក្រ សហគ្រាស ធៀបនឹងខែកញ្ញា ឆ្នាំ២០២៣ កើនឡើងចំនួន ៤.៣០០រោងចក្រ សហគ្រាស ហើយកម្មករនិយោជិតបានកើនឡើងពី ១.៦៥០.០០០នាក់ ដល់១.៨៧០.០០០នាក់ ដែលទទួលបានប្រាក់ឈ្នួលជាមធ្យម ៥,៩ពាន់លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ៕ ដោយ៖ AKP ចាន់ សុភឿន
វីដែអូ