ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ី អិន អឹម-098722274
Samsung ត្រៀមបញ្ចេញឧបករណ៍បំពាក់ AI ឱ្យដល់ ៨០០ លានគ្រឿង ដើម្បីដណ្តើមតំណែងពី Apple មកវិញ
Tue,06 January 2026 (Time 09:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 9នាក់)

(បរទេស)៖ ក្រុមហ៊ុនយក្ស Samsung បានប្រកាសពីផែនការមហិច្ឆតាក្នុងការបង្កើនចំនួនឧបករណ៍ចល័ត (ស្មាតហ្វូន និងថេប្លេត) ដែលបំពាក់បច្ចេកវិទ្យា AI Gemini របស់ Google ឱ្យកើនឡើងទ្វេដង រហូតដល់ ៨០០ លានគ្រឿង ក្នុងឆ្នាំ២០២៦ នេះ។ ការបោះជំហានយ៉ាងលឿននេះ ធ្វើឡើងក្នុងគោលបំណងវាយបកយកឈ្នះក្រុមហ៊ុន Apple និងទប់ទល់នឹងឥទ្ធិពលនៃបច្ចេកវិទ្យាចិននៅលើទីផ្សារសកល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦។


លោក T M Roh សហនាយកប្រតិបត្តិថ្មីរបស់ Samsung Electronics បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងបទសម្ភាសន៍ជាមួយ Reuters ថា៖ «យើងនឹងដាក់បញ្ចូល AI ទៅក្នុងគ្រប់ផលិតផល គ្រប់មុខងារ និងគ្រប់សេវាកម្មទាំងអស់ ឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន»។ យុទ្ធសាស្ត្រនេះមិនត្រឹមតែផ្តោតលើទូរស័ព្ទដៃប៉ុណ្ណោះទេ ប៉ុន្តែនឹងគ្របដណ្ដប់ទៅលើគ្រឿងអេឡិចត្រូនិចក្នុងផ្ទះ និងទូរទស្សន៍ផងដែរ ដើម្បីបង្កើតបណ្តាញឧបករណ៍ឆ្លាតវៃដែលគ្មានគូប្រៀប។

ការសម្រេចចិត្តរបស់ Samsung ក្នុងការជ្រើសរើសយក Gemini មកប្រើប្រាស់ ក៏ជាជោគជ័យដ៏ធំសម្រាប់ Google ផងដែរ ក្នុងការប្រជែងជាមួយ OpenAI ដើម្បីទាក់ទាញអ្នកប្រើប្រាស់ជុំវិញពិភពលោក។ តាមរយៈការរួមបញ្ចូលសេវាកម្ម AI នៅគ្រប់ផលិតផលទាំងអស់ Samsung សង្ឃឹមថានឹងអាចដណ្តើមតំណែងលេខមួយក្នុងទីផ្សារស្មាតហ្វូនត្រឡប់មកវិញ បន្ទាប់ពីបានចាញ់ប្រៀប Apple កាលពីឆ្នាំកន្លងទៅ។

ក្រៅពីមុខងារ AI ក្រុមហ៊ុន Samsung ក៏នៅតែមានសង្ឃឹមខ្ពស់លើទីផ្សារទូរស័ព្ទបត់ បើទោះបីជាវាមានការរីកចម្រើនយឺតជាងការរំពឹងទុកដោយសារភាពស្មុគស្មាញផ្នែកវិស្វកម្មក៏ដោយ។ លោក Roh រំពឹងថា ស្មាតហ្វូនប្រភេទនេះនឹងក្លាយជាផលិតផលពេញនិយមក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខ ខណៈដែលគូប្រជែងធំៗដូចជា Huawei និង Apple ក៏ត្រៀមនឹងបញ្ចេញម៉ូដែលថ្មីៗរបស់ពួកគេដើម្បីដណ្តើមទីផ្សារក្នុងឆ្នាំនេះផងដែរ៕

វីដែអូ