ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈាង ឡាក់ ប្រធានប្រឹក្សាខេត្តស្ទឹងត្រែង និង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីប្រារព្ធហោមពិធីក្រុងពលី និងតម្កល់បឋមសិលា ដើម្បីសាងសង់អគាររដ្ឋបាលសាលាស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងបរិយាកាសអធិកអធម ប្រកបដោយកិត្តិយស និងសក្ការៈ ដើម្បីសុំសេចក្តីសុខសាន្ត ជោគជ័យ និងសុវត្ថិភាពក្នុងដំណើរការសាងសង់អគាររដ្ឋបាលថ្មី ដែលជាសំណង់សាធារណៈមានសារៈសំខាន់ ក្នុងការបំពេញតួនាទីបម្រើការងាររដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការសាងសង់អគាររដ្ឋបាលសាលាស្រុកបុរីអូរស្វាយសែនជ័យ គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅមូលដ្ឋាន ដើម្បីបង្កើនសមត្ថភាពការងារ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា អគាររដ្ឋបាលថ្មីនេះ នឹង សម្រាប់សម្របសម្រួលការងាររដ្ឋបាល ការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ និងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់មូលដ្ឋានឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកឡើងថា ការសាងសង់អគាររដ្ឋបាលស្រុកថ្មី គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងស្ថាប័នរដ្ឋបាលមូលដ្ឋាន ឲ្យមានភាពរឹងមាំ សមស្របតាមបរិបទអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចបច្ចុប្បន្ន ព្រមទាំងជួយបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះការបម្រើសេវារដ្ឋ។កម្មវិធីប្រារព្ធហោមពិធីក្រុងពលី និងតម្កល់បឋមសិលានេះ បានបញ្ចប់ទៅដោយជោគជ័យ ក្នុងបរិយាកាសសាមគ្គីភាព ក្តីសោមនស្ស និងការគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋមូលដ្ឋាន ដែលរំពឹងថា អគាររដ្ឋបាលសាលាស្រុកបុរីអូរស្វាយសែនជ័យ នឹងក្លាយជាមូលដ្ឋានសំខាន់មួយ ក្នុងការជំរុញការអភិវឌ្ឍស្រុក និងខេត្តស្ទឹងត្រែងឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
វីដែអូ