ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០៥០
ទំនាក់ទំនង គេហទំព័រ ស៊ី អិន អឹម-098722274
អភិបាលស្រុកតាំងគោក សហការជាមួយព្រះចៅអធិការវត្តគុហនគរ ចុះសួរសុខទុក្ខ និងចែកអំណោយជូនចាស់ជរា ៤០គ្រួសារ នៅឃុំពង្រ
Wed,07 January 2026 (Time 05:43 PM)
ដោយ ៖ nounmesa (ចំនួនអ្នកអាន: 8នាក់)

​(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក រួមជាមួយព្រះគ្រូ តុន ពិសី ព្រះចៅអធិការវត្តគុហនគរ និងអាជ្ញាធរឃុំ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកតា លោកយាយ ចាស់ជរាចំនួន ៤០គ្រួសារ នៅក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦។
​ក្នុងឱកាសនោះ លោកអភិបាលស្រុក បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលជានិច្ចកាល សម្តេច និងថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
​ជាមួយគ្នានេះ លោក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្តគុហនគរ ដែលតែងតែសហការជាមួយរដ្ឋបាលស្រុក និងឃុំ ក្នុងសកម្មភាពមនុស្សធម៌ ពិសេសការជួយជ្រោមជ្រែងដល់គ្រួសារកងទ័ព និងការចូលរួមអភិវឌ្ឍន៍សង្គមជាតិជាមួយរាជរដ្ឋាភិបាល។
​ដោយសារស្ថិតក្នុងរដូវធ្លាក់ខ្យល់ត្រជាក់ លោកអភិបាលស្រុក បានផ្តាំផ្ញើដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ៖
​ត្រូវស្លៀកសម្លៀកបំពាក់ឱ្យបានក្រាស់ៗ និងដណ្តប់ភួយឱ្យបានកក់ក្តៅ។
​តាមដានសុខភាពជាប្រចាំនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
​ក្រើនរំលឹកដល់អាជ្ញាធរភូមិ-ឃុំ ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដើម្បីដឹងពីបញ្ហាប្រឈម និងរាយការណ៍មកថ្នាក់លើ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា។
​សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារចាស់ជរាទាំង ៤០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, សារ៉ុង និងថវិកាមួយចំនួនទៀតផងដែរ។ដោយ អ៊ួង សុផាត

វីដែអូ